កថាទី១ ៖ រឿង គោឧសភ ចចក និង សត្វសីហៈ

នៅក្នុងប្រទេស ទក្សិណាបថ មាននគរមួយឈ្មោះ សុវណ្ណវតី ជាទីអាស្រ័យនៅនៃពាណិជ្ជម្នាក់ឈ្មោះ វធិមានៈ ជាអ្នកមានទ្រព្យច្រើន។ ពាណិជវធិមានៈ សូម្បីមានទ្រព្យស្រឹង្គារស្ដុកស្ដម្ភដូច្នេះក្ដី កាលបើឃើញញាតិសន្ដានដទៃបរិបូណ៌ដោយទ្រព្យអនេកអ័គ្ឃ ក៏មានគំនិតនឹងស្វះស្វែងរកទ្រព្យសម្បត្តិ កពូនអោយរឹងរឹងតែមានច្រើនថែមទៀតព្រោះថា៖ ១-នរជនដូចម្ដេច កាលក្រឡេកមើលទៅខាងក្រោមឃើញជនជាប់ទាបជាងខ្លួន មិនឡើងដោយអួតអាងថាខ្លួនធំមហិមា តែកាលក្រឡេកមើលទៅខាងលើឃើញជនជាន់ខ្ពស់ជាងខ្លួន ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។ ២-នរជនណាមានទ្រព្យច្រើន នរជននោះសូម្បីសម្លាប់ព្រះព្រហ្មមួយ ក៏នៅតែមានការគោរពបូជា ឯនរជនក្រីក្រ សូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់ស្មើនឹងវង្សព្រះបាទចន្ទៈ ក៏នៅតែគេមើលងាយ។ ៣- លក្ម្ស៊ី មិនរត់ទៅរកនរជនដែលសេចក្ដីប្រឹងប្រែង ខ្ជិលច្រអូស វង្វេងជឿលើព្រេងវាសនា នឹងមិនមានព្យាយាមទេ ដូចប្រពន្ធក្មេងមិនអើពើប្ដីចាស់ជរាដូច្នោះ ។ ៤- ភាវដោយបុគ្គលខ្ជិល១ ការសេពគប់ស្រ្តីជាមាស១ ភាវដោយបុគ្គលមានរោគច្រើន១ ចិត្តជាប់នឹងស្រុកកំណើត១ ចិត្តស្រាល១ ភាវជាបុគ្គលខ្លាចច្រើន១ ទោស ៦ប្រការនេះ ជាគ្រឿងរំលាយបង់នូវភាវៈនៃខ្លួនជាធំ ។ ៥- នរជនណាមានទ្រព្យសម្បត្តិតិចតួច សម្គាល់ថាខ្លួនមានទ្រព្យច្រើន មិនខំរកតទៅទៀត ព្រះព្រហ្មដែលជាអ្នកសាងទ្រព្យសម្បត្តិ មិនព្រមចម្រើនទ្រព្យសម្បត្តិអោយនរជននោះទេ។ ៦-កូនមិនឧស្សាហ៍ មិនជាទីគាប់ មិនមានវីរិយៈ ជាទីឡកឡឺយនៃសត្រូវ សូមកុំអោយស្រី្តណាមួយបង្កើតកូនបែបនេះអោយសោះ។ ៧- បុគ្គលគួរស្វែងរកទ្រព្យសម្បត្តិដែលមិនទានបាន គប្បីរក្សាទ្រព្យដែលរកបានហើយ កុំអោយរផាត់ទាំងអស់ទៅវិញ គប្បីពូនទ្រព្យសម្បតិ្ត ដែលរក្សាទុកនោះ អោយចម្រើនឡើងដោយប្រពៃ គប្បីកប់ទុកទ្រព្យសម្បត្តិដែលចម្រើនឡើងហើយក្នុងបញ្ញាខេត្ត ។ បុគ្គលកាលប្រាថ្នាទ្រព្យសម្បត្តិដែលមិនទាន់បាន តែងបានទ្រព្យសម្បត្តិនោះមក ដោយការយកទ្រព្យសម្បត្តិនោះទៅទាក់ ឯទ្រព្យសម្បត្តិដែលរកបានហើយ បើមិនរក្សាទុកដោយម៉ត់ចត់ទេ សូម្បីមានទ្រព្យកប់ទុកជាកំណប់ច្រើនប៉ុណ្ណាក៏ដោយ ក៏នឹងវិនាសទៅឯង។ មួយទៀត ទ្រព្យដែលបុគ្គលមិនធ្វើអោយបានចម្រើនច្រើនឡើងទេ ក៏តែងតែអស់ទៅបន្តិចម្ដងៗគ្រប់កាល ដូចជាការអស់ទៅនៃថ្នាំបន្តក់ភ្នែក។ ទ្រព្យសម្បត្តិនេះឯង បើបុគ្គលមិនចែកចាយជាទានអោយបានជាសាធារណសុខដល់ជនដទៃទេ ក៏អសារបង់សោះសូន្យទទេ ព្រោះថា៖ ៨- ទ្រព្យដែលគេមិនអោយទាន ឬ មិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី? ការចេះដឹងគម្ពីរដីកាធម៌អាថ៌ បើគេមិនប្រតិបត្តិតាម តើមានប្រយោជន៍អ្វី? ខ្លួនយើង បើមិនទូន្មានឥន្ទ្រីយអោយបានបទទេ តើមានប្រយោជន៍អ្វី? ។ ៩- ទឹកស្រកមួយតំណក់ៗ ជាលំដាប់ អាចពេញក្អមបាន នេះជាគ្រឿងឧបមានៃការរៀនវិជ្ជា ការប្រតិបត្តិធម៌ នឹងការសន្សំទ្រព្យសម្បត្តិ។ ១០- ជីវិតនរជនណា ដែលបណ្ដោយអោយថ្ងៃប្រព្រឹត្តកន្លងទៅទទេ ដោយមិនបានបរិច្ចាគទ្រព្យខ្លួនឯងជាទាន នឹងបរិភោគបំពេញផ្ទៃខ្លួនឯងទេ ជិវិតនរជននោះ ដូចស្នប់ជាងដែក សូម្បីរស់ដកដង្ហើមចេញចូលបាន ក៏ឈ្មោះថាជាស្នប់ ។ ពាណិជវធិមានៈ គិតឃើញដូច្នេះហើយ ក៏ប្រមូលទំនិញផ្សេងៗផ្ទុកពេញរទេះ ហើយយកគោឧសភទាំងពីរ គឺ នន្ទកៈ និងសញ្ជីវកៈ ទៅទឺម ធ្វើដំណើរចេញទៅប្រទេសកស្មីរ ដើម្បីធ្វើជំនួញ ព្រោះថា៖ ១១- បុគ្គល កាលឃើញការអស់ទៅនៃថ្នាំបន្តក់ភ្នែក នឹងការពូននៃកណ្ដៀរហើយ គប្បីប្រឹងប្រែងអោយកើតប្រយោជន៍រាល់ៗថ្ងៃដោយការអោយទាន ដោយសិក្សាក្បួនខ្នាតនឹងដោយការធ្វើការងារ។ ១២- ភារៈដូចម្ដេចដែលហៅថាធ្ងន់ណាស់ សម្រាប់អ្នកមានសមត្ថភាព? ទីណា ដែលហៅថាឆ្ងាយណាស់សម្រាប់អ្នកមានព្យាយាមច្រើន? ប្រទេសណា ដែលហៅថាបរទេសសម្រាប់អ្នកមានចំណេះវិជ្ជា? ជនណា ដែលហៅថាអ្នកកន្ទៀតសម្រាប់អ្នកមានប្រីយវាទ។ ខណៈដែលពាណិជវធិមាៈ ធ្វើដំណើរចរចេញទៅដល់ព្រៃធំទុរគមឋានស្ងាត់មួយ ជាគ្រោះថ្នាក់ គោឧសភសញ្ជីវាកៈ ភ្លាត់ជើងដួលបាក់ភ្លៅម្ខាង ដើរទៅមិនរួច ពាណិជវធិមានៈ ឃើញដូច្នោះហើយរំពឹងគិតថា៖ ១៣- ជនអ្នកចេះដឹងនីតិសាស្ត្រ ល្បងធ្វើព្យាយាមខាងនេះ ខាងនោះលងមើលទៅចុះ តែផលដែលត្រូវបាននោះ ព្រះព្រហ្មលោកលិខិតទុកអោយជាប់ក្នុងចិត្តរួចស្រេចហើយ ការសម្រេចផលប្រយោជន៍នឹងកើតប្រាកដទៅតាមរបៀប។
លុះពិចារណាឃើញច្បាស់ដូច្នេះហើយ ពាជិជវធិមានៈ ទុកគោឧសភសញ្ជីវកៈចោលនៅនាព្រៃនោះ ដើរកាត់ទៅកាន់នគរធម៌បុរីរកទិញគោឧសភមានរូបធាត់ធំមាំមួនបានមួយ យកមកទឹមរទេះជំនួស ហើយធ្វើដំណើររហូតទៅទៀត។ ឯ គោសញ្ជីវកៈ កាលដែលគេបោះបង់ចោលហើយទៅបាត់ ខំដើរខ្ជាក់ខ្ជើតតែជើង៣ ខ្វានៗរកស៊ីស្មៅក្បែរទីនេះទីនោះចិញ្ចឹមជីវិត ព្រោះថា៖ ១៥- សូម្បីលិចលង់ក្នុងមហាសមុទ្រ ឬធ្លាក់ចុះពីកំពូលភ្នំ ឬក៏ត្រូវនាគតក្សកៈ ចឹក បើមិនទាន់ដល់កាលស្លាប់ទេ អាយុនេះតែរក្សាជិវិតតិន្ទ្រីយអោយរស់តទៅបាន។ ១៦- សត្វលោក សូម្បីត្រូវសរ ១០០ផ្លែ បើមិនទាន់ដល់កាលក៏មិនស្លាប់ បើដល់កាលមរណៈហើយ សព្វបើមុតដោយស្បូវបន្តិចក៏មិនរស់ដែរ។ ១៧- អ្វីមួយ មិនមានគេរក្សា តែមានបុណ្យវាសនាជួយរក្សា ក៏អាចឋិតថេរទៅបាន អ្វីមួយមានគេរក្សាល្អហើយ តែបុណ្យវាសនាមិនជួយថែរក្សាផង ក៏វិនាសអន្តរាយទៅបាន ប្រៀបដូចជនអនាថា គេលះបង់ចោលកណ្ដាលព្រៃជ្រៅ គង់មានជិវិតរស់បាន. ឯនរជនមានគេរក្សាប្រយ័ត្នប្រយែង នៅក្នុងផ្ទះ ក៏ស្លាប់ទៅបាន។ ក្នុងថ្ងៃដែលកន្លងទៅដោយលំដាប់ គោឧសភសញ្ជីវកៈ ដើររកស៊ីស្មៅជាអាហារក្បែរមាត់ស្ទឹងតាមទំនើងចិត្ត ហើយអាស្រ័យនៅទីនោះឡើងសាច់ឈាមធាត់ធំមាំមួន មានកម្លាំងក្លៀវក្លាហាន បោលលោតលេងកញ្ឆក់កញ្ឆែង រោទិ៍លាន់ឮគឹកកងរំពងព្រៃ។ មានសត្វសីហៈមួយឈ្មោះបិង្កលកៈ ជាស្ដេចសត្វចតុប្បាទអាស្រ័យនៅក្នុងព្រៃនោះ សោយសេចក្ដីសុខក្នុងរាជសម្បត្តិដែលខ្លួនតតាំងច្បាំងយកបានដោយកម្លាំងនៃខ្លួន. ព្រោះថា៖
១៨- ម្រឹគទាំងឡាយ មិនធ្វើពិធីបុណ្យអភិសេកអោយសីហៈទេ សីហៈបានរាជ្យ បានជាធំលើពួកសត្វម្រឹគដោយកម្លាំងព្យាយាមនៃខ្លួនឯង។ ថ្ងៃមួយ បិង្កលកៈស្រេកទឹក ដើរចេញទៅរកផឹកទឹកនៅត្រើយស្ទឹងយមុធា កំពុងតែដើរទៅ បានឮសម្លេងរោទិ៍រំពងព្រៃ ហាក់ដូចជាមហាមេឃគ្រហឹមគ្អឹល គគ្រឹកគគ្រេងរកកលនឹងស្រក់ធ្លាក់ចុះមក លុះឮសម្លេងរោទិ៍នោះហើយ ភ័យតក់ស្លុតរន្ធត់ចិត្តមហិមា មិនហ៊ានចុះទៅផឹកទឹក ក៏វិលត្រឡប់ថយទៅកាន់ទីលំនៅដើមខ្លួនវិញ គិតពិចារណាមើលមិនយល់ថាជាសម្លេងអ្វីសោះ ក៏អង្គុយនៅស្ងៀមស្ងាត់មិនមាត់កឡើយ។ កាលនោះ មានចចក២ មួយឈ្មោះករដកៈ និងមួយឈ្មោះ ទមនកៈ ជាកូនមន្ត្រីចាស់នៃសីហៈនោះ នៅក្នុងទីជិតនោះដែរ ឃើញបិង្កលកៈ កំពុងអង្គុយវតក្កទ្រមឹងទ្រមើយដូច្នេះ ចចកទមនកៈសួរទៅកាន់ចចក ករដកៈ ថា នែសម្លាញ់ករដកៈ! ម្ចាស់យើងស្រេកទឹក មានរឿងអ្វីទៅ ហើយបានជាមិនផឹកហើយវិលត្រឡប់មកវិញ ស្រាប់តែញាប់ញ័ររន្ធត់ សញ្ជប់សញ្ជឹងអង្គុយនោះស្ងៀមស្ងាត់បាត់មាត់បាត់កដូច្នេះហ្ន៎? ។ ចចក ករដកៈឆ្លើយប្រាប់ថា” ហៃមិត្រទមនកៈ! តាមចិត្តខ្ញុំ យើងមិនត្រូវសេពគប់ម្ចាស់នេះទេ បើទុកជាមានរឿងដូច្នេះកើតឡើង មានប្រយោជន៍អ្វី នឹងជួយយអសា ឥឡូវនេះកុំទៅអោយប្រើល្អជាង ម្ចាស់យើងមិនមានលក្ខណៈធ្វើជាមេបាគេទេ យើងមិនមានទោសខុសអ្វីសោះ ស្រាប់តែមើលងាយបណ្ដេញបំបរបង់យើង មិនដែលនឹកនាយើងសោះ យើងរងសេចក្ដីទុក្ខធំបែបនេះមកអស់កាលយូរយារណាស់ហើយ . ព្រោះថា៖
១៩- ចូរមើល! គួរអនិច្ចារអ្នកបម្រើ ចូលចិត្តធ្វើខ្ញុំបម្រើគេ ព្រោះតែចង់បានទ្រព្យ. មនុស្សល្ងង់ ចូលចិត្តបម្រើគេ រហូតវិនាសឥស្សរភាពខ្លួនក៏មិនថា។ ២០- អ្នកធ្វើខ្ញុំបម្រើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់ ដោយខ្យល់នឹងដោយកំដៅថ្ងៃ ឥតបានប្រយោជន៍អ្វីសោះ. ឯអ្នកប្រាជ្ញខំបំពេញតបៈ បើទុកជាលំបាក គង់បានសេចក្ដីសុខជាផល។ ២១- ការតាំងខ្លួនមិនអោយជាខ្ញុំគេ តែងបានផលជាសុខដល់ជីវិត បើជនណា ព្រមនៅក្នុងអំណាចគេ ជននោះឈ្មោះថាមានជីវិតរស់ដូច្នោះ តើជនបែបណាវិញហ្ន៎ដែលឈ្មោះថាស្លាប់? ២២- មកណេះ ! ទៅ! ក្រោកឡើង! នៅអោយស្ងៀម! នេះជាសម្ដីអ្នកមានទ្រព្យសម្បត្តិ និយាយលេងជាល្បែងចំពោះអ្នកក្រីក្រ ជាខ្ញុំបម្រើ ដែលសេចក្ដីប្រាថ្នាទ្រព្យចាប់ត្របាក់បានហើយ។
២៣- ជនអប្បឥតប្រាជ្ញា សំរាំងខ្លួនហើយសំរាំងទៀត ទុកបំរុងគ្រាន់តែបម្រើជនដទៃជានាយ ព្រោះប្រាជ្ញាទ្រព្យ ដូចស្ត្រីផ្កាមាសតុបតែងខ្លួនអោយល្អ ទុកសម្រាប់តែបុរស។ ២៤- ចៅហ្វាយនាយ តែងក្រឡេកសំឡឹងមើលការខុឆ្គងមិនបរិសុទ្ធជាប្រក្រតីនៃខ្ញុំបម្រើ ដោយភ្នែកណា អ្នកបម្រើតែងរំពៃមើលភ្នែកនោះនៃម្ចាស់ដោយច្រើន។ ២៥- បើនៅទ្រមឹងមិននិយាយច្រើន គថាថ្លង់ បើនិយាយច្រើនពេកឬថាឆ្កួត បើចេះអត់ធ្មត់ គថាខ្លាច បើជេរមិនឈឺ គេថានាភិជាតិ បើនៅជិត គេថាហ៊ានពេក បើនៅឆ្ងាយដោយមានវិន័យ គេថាញញើតញញើមពេក សូម្បីព្រះសោឌី ក៏ផ្គាប់ចិត្តម្ចាស់អោយពេញបរិបូណ៌មិនបានដែរ ឱហ្ន៎ នាទីជាខ្ញុំបម្រើគេនេះមានអាថ៌កំបាំងជ្រាលជ្រៅគួរតក់ស្លុតណាស់តើ! ។ ២៦- អ្នកបម្រើលើកដៃសំពះ ព្រោះតែម្ចាស់ក្រោក លះបង់ប្រាណ ព្រោះតែការពារជីវិតម្ចាស់ ឱអនិច្ចាខ្ញបម្រើគេ! មានអ្វីល្ងង់ខ្លៅថោកទាប ជាងនេះទៅទៀតហ្ន៎! ។ ចចកទមនកៈ និយាយកាត់ឡើងថា៖ នែសម្លាញ់! ពាក្យនេះ គេមិនត្រូវយកមកទុកក្នុងចិត្តនោះទេ ព្រោះថា៖ ២៧- ហេតុដូចម្ដេច ក៏គេមិនគប្បីសេពគប់ឥស្សរជនជាម្ចាស់ដ៏ប្រសើរ បើម្ចាស់គាប់ចិត្តហើយ មិនយូរប៉ុន្មាន ម្ចាស់នឹងបំពេញមនោរថមិនខាន។ ២៨- បើមិនធ្វើជាសេវកាមាត្យ តើនឹងបានចាមរត្វ័នស្វេតច្ឆត្រដោមដុងលើចុងដងក្លស់ មានពាជី គជេន្ទ្រ និងកងទ័ពចោមរោមរុងរឿងមកពីណា! ចចកករដកៈ និយាយថា៖ បើទុកជាដូច្នេះ យើងមិនត្រូវជួញរវល់ដែរ មានប្រយោជន៍អ្វីសម្រាប់យើង? ការជួយរវល់ក្នុងការមិនត្រូវជួញរវល់ មានតែសេចក្ដីវិនាសសាបសូន្យ ចូរមើល៖ ២៩- នរជនណ ជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់ នរជននោះ នឹងត្រូវដេកស្លាប់លើផែនដី ដូចពានរថ្លល់ខ្លួនស្លាប់ ព្រោះចាប់ទាញឈើស្នៀត។ ចចកទមនកៈ សួរឡើងថា ៖ ចុះរឿងនោះ តើដូចម្ដេច? ចចកករដកៈ និយាយរៀបរាប់ប្រាប់ថា៖..........................(ភាគបន្តៈ កថាទី២៖ រឿង ពានរ និងសសរ )

Comments

Popular posts from this blog

កថាទី២៖ រឿង ពានរ និង សសរ

បញ្ជីឈ្មោះវិទ្យាល័យ ទូទាំងប្រទេសកម្ពុជា