កថាទី២៖ រឿង ពានរ និង សសរ
នៅក្នុងប្រទេស មគធៈ មានជនត្រកូលកាយស្ត ម្នាក់ឈ្មោះសុភទត្ត បានចាត់ចែងជាងអោយសាងវិហារជិតធម៌ារណ្យមួយ។ នៅវិហារនោះ មេជាងបង្គាប់អោយកូនជាងអារពុះសសរចំកណ្ដាល ហើយអោយយកស្នៀតទៅស៊កចុក ត្រង់សសរដែលអារនោះ។ មានស្វាមួយហ្វូងធំ តែងវារលោតលេងតាមទំនើងចិត្តពីទីនេះទីនោះរហូតដល់ទីឋាននោះ។ មានពានរមួយ កាលមរណៈមកដល់ ក៏ទៅអង្គុយលើសសរដែលគេអារពុះជាពីរនោះ យកដៃទាំងពីរចាប់ទាញស្នៀតលេងជាល្បែងឥតពិចារណា។ ពងស្វាសវាទាំងពីរ សំយ៉ុងស្ដោកធ្លាក់ទៅចំកណ្ដាលចន្លោះសសរដែលគេអារពុះជាពីរនោះ។ រីចុងទាំងពីរនៃសសរនោះ កាលពានរទាញស្នៀតចេញផុតហើយ ក៏ក្ដោបមកវិញកៀបពងស្វាសទាំងពីរខ្ទេចល្អិតជាផង់ធូលី ដល់ក្ដីស្លាប់ទៅហោង ។ ហេតុនោះបានជាខ្ញុំ ( ករដកៈ) និយាយថា ៖ នរជនណាជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់ ដូច្នេះជាដើម។
ចចកទមនកៈ និយាយអួតអាងថា៖ មែនពិតហើយ តែសេវកាមាត្យត្រួវយកចិត្តទុកដាក់មើលការងារម្ចាស់នឹងខានពុំបាន។ ចចកករដកៈ ឆ្លើយកាត់ថាៈ មុខក្រសួងត្បូងការទាំងពួង អ្នកណាមាននាទីជាប្រធានមន្ត្រី អ្នកនោះត្រូវធ្វើការងារនោះចុះ អ្នកតូចតាចដូចយើងមិនគួរគប្បីទៅជែង ជួយព្រួយយកការងារគេដទៃមកធ្វើជំនួសទេ ចូរមើល៖
៣០- ជនណាព្រួយជួសគេ ទៅជែងយកការងារជនដទៃមកធ្វើជំនួស ព្រោះតែការប្រាថ្នាប្រយោជន៍អៅយនាយចៅហ្វាយ នរជននោះត្រូវគេសម្លាប់ចោលបង់លើផែនដី ដូចសត្រូវគេវាយសម្លាប់ចោលបង់សៀត ព្រោះតែបញ្ចេញសម្លេង។
ចចកទមនកៈ សួររឿងនោះថា៖ តើរឿងនោះដូចម្ដេច? ចចកករដកៈ និយាយរឿងនោះប្រាប់ថា៖............... (កថាទី៣៖ រឿង លា និង ឆ្កែ )
Comments
Post a Comment